វិធានការមួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិតដោយយានយន្តនិងគ្រឿងចក្រតាមកសិដ្ឋាន

គ្រោះថ្នាក់​បណ្តាល​ឲ្យ​ស្លាប់ភាគ​ច្រើន​បំផុត​នៅ​កសិដ្ឋានគឺ​ពាក់​ព័ន្ធ​នឹង​យានយន្តឬគ្រឿង​ចក្រ។ ខាង​ក្រោម​នេះគឺជា​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ខ្លះដែល​ច្រើន​កើត​ឡើង​ ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន ដោយស្វែងរក​គន្លឹះ​សំខាន់ៗ​ដើម្បី​សុវត្ថិភាព​ពេល​បញ្ជាយានយន្តឬ​គ្រឿង​ចក្រ។.

Shape

ប្រវត្តិ

បច្ចុប្បន្ននេះ គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​​​នៅកន្លែង​បំពេញការងារ​គឺជា​បទ​ឧក្រិដ្ឋ​ក្រោម​ច្បាប់​ស្តីពី​សុខភាព និង​សុវត្ថិភាព​កន្លែង​បំពេញការងារ។ ម្ចាស់​កសិដ្ឋាន អ្នក​គ្រប់​គ្រង​ និង​នាយកកសិដ្ឋាន​ត្រូវ​ធានា​ឱ្យបាននូវ​កន្លែង​បំពេញ​ការងារ​ប្របកដោយ​សុវត្ថិភាពនិងសុខភាពល្អ-  ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្លាប់​នៅ​កសិដ្ឋាន​របស់​អ្នក​ អ្នក​អាច​រង​ការ​កាត់​ទោស​ក្រោម​ច្បាប់​ថ្មី​នេះ។

ច្បាប់​ថ្មី​នេះ​មិន​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​នោះ​ទេ គ្រាន់​តែច្បាប់នេះ​ចែង​ពី​ការ​ដាក់​ទោស​កាន់​តែ​ធ្ងន់​ប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​គោរពទៅ​តាមកាតព្វកិច្ច​ស្តីពីសុវត្ថិភាព និង​សុខភាព​កន្លែង​បំពេញ​ការងារ​រួច​ហើយ និង​បន្ត​គោរព​តាម​កាតព្វកិច្ច​នោះតទៅទៀត គឺអ្នក​កំពុង​ធ្វើការ​បាន​ត្រឹម​ត្រូវ​ហើយ។ ប្រសិន​បើ​អ្នក​មិន​គោរព​តាម និង​មិន​គិត​ពី​ហានិភ័យ​កន្លែង​បំពេញ​ការងារ​ទេ អ្នក​នឹង​រង​ផលវិបាក​កាន់​តែ​ធ្ងន់​ធ្ងរ។​

មរណភាព​ភាគ​ច្រើន (ប្រហែល 75%) នៅ​តាម​កសិដ្ឋាន​ពាក់​ព័ន្ធ​នឹងយានយន្តនិង​គ្រឿង​ចក្រ

គ្រោះ​ថ្នាក់​​ដែល​កើត​មាន​ជារឿយៗ​ពាក់​ព័ន្ធ​នឹង​​ម៉ាស៊ីន​ត្រាក់​ទ័រ ឡាន​ដឹក​ទំនិញ ម៉ូតូ​កង់​បួន យានយន្តនិង​គ្រឿង​ចក្រ​ផ្សេង​ៗ ទៀត

ក្រឡាប់ និងកិនសង្កត់

យានយន្តឬគ្រឿង​ចក្រ​អាច​ក្រឡាប់ និង​កិនសង្កត់​មនុស្ស​ជា​ពិសេស​ក្នុង​ករណីដែល​មនុស្ស​ធ្លាក់​ពី​លើ​គ្រឿង​ចក្រឬយានយន្ត។

បុកពារពីលើអ្នកបើកបរ

រថ​យន្ត​អាច​បុកពារ​អ្នក​បើក​បរ ពេល​គេ​ចាក​ចេញ​ពី​រថយន្ត។

បុកពារអ្នកផ្សេង

យានយន្តឬគ្រឿង​ចក្រ​ក៏​អាច​បុកពារ​អ្នក​ផ្សេង​ផង​ដែរ​នៅពេល​គេ​នៅ​ក្រៅយានយន្តឬ​គ្រឿង​ចក្រ

ជាប់ការទាក់ថ្ពក់

មនុស្ស​អាច​ទាក់ថ្ពក់ជាប់​នឹង​ឧបករណ៍​ផ្សេងៗ​ដែលភ្ជាប់​ទៅនឹង​ម៉ាស៊ីន ជា​ពិសេស​ឧបករណ៍​ភ្ជាប់​ដែល​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​គ្រឿង​ចក្រ។

គន្លឹះ​សំខាន់ៗ​ដើម្បី​សុវត្ថិភាព​តាម​យានយន្តនិងគ្រឿង​ចក្រ

  • ថែ​ទាំ​យានយន្តនិងគ្រឿង​ចក្ររបស់​អ្នក ជា​ពិសេស​ពិនិត្យ​​ហ្រ្វាំង។
  • គិត​ថា​តើយានយន្តឬ​គ្រឿង​ចក្រ​អ្វី​ដែល​សម​ស្របបំផុត​នឹង​ការងារ។ អ្នក​បញ្ជាយានយន្តឬ​គ្រឿង​ចក្រ និង​ប្រធាន​ក្រុម​ការងារ​ត្រូវ​គិត​លើ​លក្ខណៈឬសណ្ឋាន​ផ្លូវ និង​ស្ថានភាព​ធាតុ​អាកាស ឧទាហណ៍ យានយន្តឬគ្រឿង​ចក្រ​ជាច្រើន​ក្រឡាប់​នៅ​កសិដ្ឋាន​ពេល​បើកចុះ​ចំណោត ឬ​កន្លែងចោត​រអិល។
  • អ្នក​បើក​គ្រឿង​ចក្រ គួរ​តែ​មាន​ប័ណ្ណបើកបរ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ហើយ​អ្នក​ត្រូវ​សង្កេត​មើល​ថា​តើ​គេ​អាច​បញ្ជាយានយន្តឬ​គ្រឿង​ចក្របាន​ដោយ​សុវត្ថិភាពឬ​ទេ។
  • ត្រូវ​ធានា​ថា​អ្នក​បញ្ជាយានយន្តឬ​គ្រឿង​ចក្រ​អាច​មើល​ឃើញ​មនុស្ស​នៅ​ជុំ​វិញយានយន្តឬ​គ្រឿង​ចក្រ​បានជា​ពិសេស​នៅពេល​បើកថយ​ក្រោយ។
  • កុំ​ឲ្យ​កុមារ​ទៅ​លេង​រោង​ដែលទុកដាក់យានយន្តនិងគ្រឿង​ចក្រ។
  • បំពាក់​ឧបករណ៍​ការ​ពារ​អ្នក​បើក​បរ​លើ​ម៉ូតូ​កង់​បួន​ដើម្បី​កាត់​បន្ថយ​ហានិភ័យនៃការ​កិន​សង្កត់មនុស្ស​​ក្នុង​ករណីក្រឡាប់។
  • ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច។ ប្រសិន​បើ​អាច​ បញ្ឆេះ​ម៉ាស៊ីន​ត្រាក់​ទ័រ​តែ​នៅ​ពេល​មានអ្នក​បញ្ជា​អង្គុយ​លើ​កៅអី​ក្រោយ​ចង្កូត​ប៉ុណ្ណោះ។ គ្រោះ​ថ្នាក់​ជាច្រើន​កើត​ឡើង​នៅ​ពេល​មនុស្ស​ឈរ​ចន្លោះ​កង់​ត្រាក់​ទ័រ​ ហើយ​ចាប់​ផ្តើម​បញ្ឆេះ​ម៉ាស៊ីន​ដោយ​គ្មាន​អ្នក​អង្គុយ​លើកៅអីអ្នកបើកបរ ឬ​នៅ​ពេល​បញ្ឈប់​ត្រាក់​ទ័រដើម្បី​ទៅ​ពិនិត្យ​អ្វីមួយ ឬ​ទៅបើក​ទ្វារ​របង។
  • ចុះ​ឡើង​លើយានយន្តឬ​គ្រឿង​ចក្រ​ដែល​កំពុង​តែ​ធ្វើ​ចលនា​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ។ ចូរ​កុំ​ចុះ ឬ​ឡើង​លើ​យានយន្តឬគ្រឿង​ចក្រដែលកំពុង​ធ្វើ​ចលនា។
  • កន្លែង​ណា​ដែលយានយន្តឬ​គ្រឿង​ចក្រ​អាច​ផ្អៀង ត្រូវ​ពាក់​ខ្សែ​ក្រវាត់​ដើម្បី​កាត់​បន្ថយ​ហានិភ័យនៃការ​ធ្លាក់​ពី​លើ​យានយន្តឬគ្រឿង​ចក្រ ហើយ​ត្រូវ​គ្រឿង​ចក្រ​កិនសង្កត់។
  • ត្រូវ​ពាក់​មួក​សុវត្ថិភាព​ពេល​បើក​ម៉ូតូ​កង់​បួន ឬ​រថយន្ត​បើក​តាម​កសិដ្ឋាន។
  • កុំ​ផ្ទុក​ឬដឹកមនុស្ស​លុះ​ត្រា​តែ​យានយន្តឬគ្រឿង​ចក្រ​នោះ​មានកៅអី​សម្រាប់​ដឹក​មនុស្ស​បាន។
  • កុំ​​ឲ្យ​កុមារ​អាយុ​ក្រោម 16ឆ្នាំ​បើក​ម៉ូតូ​កង់​បួន​សម្រាប់​មនុស្ស​ពេញ​វ័យ។

យានយន្តនិងគ្រឿង​ចក្រ​មិន​មែន​ជា​ប្រភពតែ​មួយបែបនៃគ្រោះ​ថ្នាក់​​នៅ​តាម​កសិដ្ឋាន​នោះ​ទេ. ការ​ងារ​អ្វី​ក៏​ដោយ​ដែល​អ្នក ឬ​បុគ្គលិក​របស់​អ្នក​ធ្វើ​នៅ​កសិដ្ឋាន ត្រូវ​គិត​ពីសុវត្ថិភាព​ជា​ចម្បង។ ចូរ​គិត​ថា​​អ្វីខ្លះដែល​អាចធ្វើឱ្យរាំងស្ទះដល់​​ដំណើរ​ការ​ដែលបាន​គ្រោង​ទុក ហើយ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ទប់ស្កាត់កុំឱ្យហេតុការណ៍នោះកើតឡើង។ ចូរ​ពិភាក្សា​ជាមួយ​បុគ្គលិករបស់​អ្នក និង​ចាត់​វិធានការ​ដើម្បីឱ្យ​ប្រាកដ​ថា​អ្នក​ផ្តល់​នូវ​កន្លែង​បំពេញ​ការងារ​ប្រកប​ដោយ​សុវត្ថិភាព។

ភារកិច្ចផ្លូវ​ច្បាប់​ស្តីពី​សុខភាព និង​សុវត្ថិភាព​នៅកសិដ្ឋាន​របស់​អ្នក

ក្នុង​នាម​ជា​កសិករ អ្នក​អាច​ជា​ថៅកែ​ដោយ​ខ្លួន​ឯង ជួល​កម្មករ​ផ្សេង​ទៀត ឬ​ចាត់​ចែង និង​គ្រប់​គ្រង​កសិដ្ឋាន។ ទោះ​ស្ថិត​ក្នុង​ទម្រង់​ណា​ក៏​ដោយ ក៏អ្នក​មាន​ការ​ទទួល​ខុសត្រូវ​លើ​ផ្នែក​សុខភាព​ និង​សុវត្ថិភាព​ពេល​បំពេញ​ការងារ​ដោយ​រួម​ទាំង ៖

  • ត្រូវ​ធានា​ថា​កសិដ្ឋាន​របស់​អ្នក​ជា​កន្លែង​បំពេញការងារ​ដែល​មាន​សុវត្ថិភាព ដោយ​គ្មាន​ហានិភ័យ​ដល់​សុខភាព​ចំពោះ​បុគ្គលិក​របស់​អ្នក
  • ត្រូវ​ធានា​ថា​សកម្មភាព​ផ្សេងៗ​នៅ​កសិដ្ឋាន​មិន​ធ្វើ​ឲ្យ​បុគ្គល​ណា​មួយ (ឧ. គ្រួសារ បុគ្គលិក អ្នកម៉ៅការឬ​ចុះ​កិច្ច​សន្យា​បំពេញការងារ ភ្ញៀវ) មាន​ហានិភ័យ​ដល់​សុខភាព និង​សុវត្ថិភាព​ឡើយ។
  • ត្រូវ​ធានា​ថាបុគ្គលគ្រប់​រូប​អាច​ចេញ​ចូល​កសិដ្ឋាន​ដោយ​សុវត្ថិភាពដោយ​គ្មាន​ហានិភ័យ​ដល់​សុខភាពពួកគេ​ឡើយ (រួមទាំង​អ្នកដឹក​ជញ្ជូន​អីវ៉ាន់​ដល់​កសិដ្ឋានផង)

ព័ត៌មាន​បន្ថែម

  • ឧបករណ៍​ និងសៀវភៅ​ណែនាំ​របស់​ WorkSafe អាចជួយ​អ្នក​រក​មើល​ប្រភព​គ្រោះ​ថ្នាក់​ទូទៅ ធ្វើ​ការ​វាយ​តម្លៃ​ពី​ហានិភ័យ ហើយបង្កើត​នូវ​ការ​គ្រប់​គ្រង​សម​ស្រប​សម្រាប់​កសិដ្ឋាន​របស់​អ្នក។
  • ចូរ​ពិភាក្សា​ជាមួយអង្គការ​​​ឧស្សាហកម្ម​កសិដ្ឋានរបស់​អ្នក​ស្តីពី​សុវត្ថិភាព​តាម​កសិដ្ឋាន។
  • សិក្សាបន្ថែមពី​ច្បាប់​ថ្មីស្តីពី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នៅ​កន្លែង​បំពេញការងារ​តាមគេហទំព័រ WorkSafe
  • ដាក់​ពាក្យ​សុំ​កម្មវិធីសំខាន់ចាំបាច់ដែលផ្ដល់ឱវាទពី​ សុខភាព​ និង​សុវត្ថិភាព​កន្លែង​បំពេញ​ការងារ ដោយ​រក្សា​ការ​សម្ងាត់ និង​មិន​គិត​ថ្លៃ ហើយ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​សុវត្ថិភាព​ឯករាជ្យ​អាច​ចុះ​មក​កសិដ្ឋាន​របស់​អ្នក។