វិធានការមួយចំនួនដើម្បីកាត់បន្ថយហានិភ័យពីការស្លាប់ដោយគោរត់ពារជាន់
គោរត់បុក ឬជាន់គឺជាមូលហេតុបណ្តាលឲ្យបាត់បង់ជីវិតខ្ពស់ទីពីរក្នុងចំណោមការបាត់បង់ជីវិតក្នុងកសិដ្ឋាន។ សូមអានពីអ្វីដែលត្រូវប្រុងប្រយ័ត្ន និងការណែនាំខ្លីៗពីសុវត្ថិភាពនៅពេលធ្វើការជាមួយសត្វគោ។.
ប្រវត្តិ
បច្ចុប្បន្ននេះ គ្រោះថ្នាក់ដល់អាយុជីវិតនៅកន្លែងបំពេញការងារគឺជាបទឧក្រិដ្ឋក្រោមច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពកន្លែងបំពេញការងារ។ ម្ចាស់កសិដ្ឋាន អ្នកគ្រប់គ្រង និងនាយកកសិដ្ឋានត្រូវធានាឱ្យបាននូវកន្លែងបំពេញការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ- ប្រសិនបើមាននរណាម្នាក់ស្លាប់នៅកសិដ្ឋានរបស់អ្នក អ្នកអាចរងការកាត់ទោសក្រោមច្បាប់ថ្មីនេះ។
ច្បាប់ថ្មីនេះមិនធ្វើឲ្យមានការទទួលខុសត្រូវបន្ថែមនោះទេ គ្រាន់តែច្បាប់នេះចែងពីការដាក់ទោសកាន់តែធ្ងន់ប៉ុណ្ណោះ។ ប្រសិនបើអ្នកគោរពទៅតាមកាតព្វកិច្ចស្តីពីសុវត្ថិភាព និងសុខភាពកន្លែងបំពេញការងាររួចហើយ និងបន្តគោរពតាមកាតព្វកិច្ចនោះតទៅទៀត គឺអ្នកកំពុងធ្វើការបានត្រឹមត្រូវហើយ។ ប្រសិនបើអ្នកមិនគោរពតាម និងមិនគិតពីហានិភ័យកន្លែងបំពេញការងារទេ អ្នកនឹងរងផលវិបាកកាន់តែធ្ងន់ធ្ងរ។
គោរត់ពារបុក ឬជាន់គឺជាមូលហេតុបណ្តាលឲ្យបាត់បង់ជីវិតខ្ពស់ទីពីរ នៃមរណភាពទាំងឡាយនៅកសិដ្ឋាន
ស្ថានភាពគ្រោះថ្នាក់ធំបំផុតចំនួនបីនៅទីវាលចិញ្ចឹមគោរួមមាន ៖
កៀងគោ ៖
គោត្រូវកៀងចូលតាមទ្វាររបង
កៀងគោចូលឡានទ្រុង ៖
កៀងគោឲ្យឡើងឡានទ្រុងតាមផ្លូវជម្រាល។
បញ្ជាគោឱ្យដើរចូលទ្រុងដើម្បីពិនិត្យ ៖
បង្ហាត់គោឱ្យចេះដើរចូលទ្រុងត្រួតពិនិត្យ។
គន្លឹះសំខាន់ៗស្តីពីសុវត្ថិភាពជាមួយគោ
- រៀបចំទីធ្លាសម្រាប់បសុសត្វដើម្បីកុំឲ្យមនុស្ស និងសត្វស្ថិតនៅទីធ្លាជាមួយគ្នា ហើយសត្វអាចផ្លាស់ទីឆ្លងកាត់បានងាយស្រួល។
- នៅពេលកៀងគោចូលទ្រុងពិនិត្យ អ្នកមិនត្រូវនៅជាមួយសត្វទាំងនោះឡើយ។ ប្រសិនបើមិនអាចធ្វើដូចនេះបាន ដោយសារតែស្ថានភាពទីធ្លាបច្ចុប្បន្ន ត្រូវធានាថាមានច្រកទ្វារចេញដែលអាចគេចខ្លួនបាន ឬមានផ្លូវសម្រាប់គេចខ្លួនដែលមិនតម្រូវឲ្យឡើងលើ ឬលូនក្រោមរបង។
- ថែទាំទីធ្លា កន្លែងប្រណាំង ទ្វារ និងទ្រុងត្រួតពិនិត្យ។ ត្រូវធានាថាគន្លឹះទ្វារអាចបិទបើកបានស្រួល និងមានគន្លឹះទាញទ្វារបិទ។
- ត្រូវប្រាកដថាអ្នកមើលថែទាំគោមានជំនាញក្នុងការមើលថែទាំ និងដឹងពីរបៀបមើលថែទាំប្រកបដោយសុវត្ថិភាព។ ចូរពិភាក្សាពីផ្លូវសម្រាប់គេចខ្លួនពេលចាំបាច់។ ចូរបំពេញការងារដោយជៀសវាងច្រកផ្លូវរត់របស់គោ។
- ត្រូវយល់ថាតើគោនឹងមានប្រតិកម្មដូចម្ដេចពេលជាប់ទ្រុង តើវាភ័យឬឆ្លេឆ្លា។ ត្រូវធ្វើឱ្យប្រាកដថា បុគ្គលិកដែលធ្វើការជាមួយអ្នកយល់ដឹងពីរឿងនេះ។
- ប្រសិនបើអាចធ្វើទៅបាន ធ្វើការជាមួយគោដោយមិនបង្ខំ និងស្ងៀមស្ងាត់។
- កុំឈរចន្លោះមេគោ និងកូនវា។
- ប្រសិនបើអាចធ្វើបាន បង្រៀនសត្វទាំងនោះឲ្យស្គាល់ពីទីធ្លា និងឲ្យពួកវារៀនផ្លាស់ទីដោយស្ងាត់ស្ងៀម។
- ត្រូវគិតពីសុវត្ថិភាពរបស់អ្នក និងអ្នកដឹកជញ្ជូនបសុសត្វពេលឲ្យសត្វឡើងរថយន្ត ៖ សូមមើលព័ត៌មាននៅ Livestock and Rural Transporters Association of Victoria តាមគេហទំព័រ lrtav.com.au/ramps
- មុនពេលឲ្យបុគ្គលិក អ្នកចុះកិច្ចសន្យា ឬអ្នកផ្តល់សេវាកម្មណាមួយ (ឧ. ពេទ្យសត្វ អ្នកពិនិត្យសត្វផើម) ចាប់ផ្តើមធ្វើការងារ ចូរណែនាំពីការបំពេញការងារនៅទីធ្លាចិញ្ចឹម និងទ្រុងពិនិត្យគោ។
ការបំពេញការងារមើលថែគោមិនមែនជាប្រភពគ្រោះថ្នាក់តែមួយនៅកសិដ្ឋាននោះទេ។ ការងារអ្វីក៏ដោយដែលអ្នក ឬបុគ្គលិករបស់អ្នកធ្វើនៅកសិដ្ឋាន ត្រូវគិតពីសុវត្ថិភាពជាចម្បង។ ចូរគិតថាអ្វីខ្លះដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការដែលបានគ្រោងទុក ហើយត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍នោះកើតឡើង។ ចូរពិភាក្សាជាមួយបុគ្គលិករបស់អ្នក និងចាត់វិធានការដើម្បីប្រាកដថាអ្នកផ្តល់នូវកន្លែងបំពេញការងារប្រកបដោយសុវត្ថិភាព។
ភារកិច្ចផ្លូវច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពនៅកសិដ្ឋានរបស់អ្នក
ក្នុងនាមជាកសិករ អ្នកអាចជាថៅកែដោយខ្លួនឯង ជួលកម្មករផ្សេងទៀត ឬចាត់ចែង និងគ្រប់គ្រងកសិដ្ឋាន។ ទោះស្ថិតក្នុងទម្រង់ណាក៏ដោយ ក៏អ្នកមានការទទួលខុសត្រូវផ្នែកសុខភាព និងសុវត្ថិភាពពេលបំពេញការងារដោយរួមទាំង ៖
- ត្រូវធានាឱ្យបានថាកសិដ្ឋានរបស់អ្នកជាកន្លែងបំពេញការងារដែលមានសុវត្ថិភាព ដោយគ្មានហានិភ័យដល់សុខភាពបុគ្គលិករបស់អ្នក
- ត្រូវធានាឱ្យបានថាសកម្មភាពផ្សេងៗនៅកសិដ្ឋានមិនធ្វើឲ្យបុគ្គលណាមួយ (ឧ. គ្រួសារ កម្មករ អ្នកចុះកិច្ចសន្យាបំពេញការងារ ភ្ញៀវ) មានហានិភ័យដល់សុខភាព និងសុវត្ថិភាពឡើយ។
- ត្រូវធានាឱ្យបានថាបុគ្គលគ្រប់រូបអាចចេញចូលកសិដ្ឋានដោយសុវត្ថិភាពដោយគ្មានហានិភ័យដល់សុខភាពពួកគេឡើយ (រួមទាំងអ្នកដឹកជញ្ជូនអីវ៉ាន់ដល់កសិដ្ឋានផង)
ព័ត៌មានបន្ថែម
- ឧបករណ៍ និងសៀវភៅណែនាំរបស់ WorkSafe អាចជួយអ្នករកប្រភពគ្រោះថ្នាក់ទូទៅ ធ្វើការវាយតម្លៃពីហានិភ័យ និងបង្កើតនូវការគ្រប់គ្រងសមស្របសម្រាប់កសិដ្ឋានរបស់អ្នក។
- ចូរពិភាក្សាជាមួយអង្គការឧស្សាហកម្មកសិដ្ឋានរបស់អ្នកស្តីពីសុវត្ថិភាពតាមកសិដ្ឋាន។
- មើលព័ត៌មានបន្ថែមពីការមើលថែទាំ និងចាត់ចែងបសុសត្វនៅ Temple Grandin។
- មើលព័ត៌មានបន្ថែមពីច្បាប់ថ្មីស្តីពីគ្រោះថ្នាក់បណ្តាលឲ្យបាត់បង់ជីវិតនៅកន្លែងបំពេញការងារនៅគេហទំព័រ WorkSafe។
- ដាក់ពាក្យសុំឲ្យអ្នកប្រឹក្សាយោបល់ផ្នែកសុវត្ថិភាពចុះមកកសិដ្ឋានរបស់អ្នកតាមរយៈកម្មវិធី WorkSafe’s OHS Essentials program។