ការផ្តល់កន្លែងបំពេញការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អនៅកសិដ្ឋាន

គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នៅកន្លែង​បំពេញ​ការងារ​គឺជា​បទ​ឧក្រិដ្ឋ​ក្រោម​ច្បាប់​ស្តីពី​សុខភាព និង​សុវត្ថិភាព​កន្លែង​ការងារ។ ខាង​ក្រោម​នេះ​គឺជា​ការ​ណែ​នាំ​ខ្លីៗ​ទូទៅដើម្បី​ធានា​ថា​កសិដ្ឋាន​របស់​អ្នក​គឺជា​កន្លែង​ការងារ​ប្រកប​ដោយ​សុវត្ថិភាព និងមាន​សុខភាព​ល្អ។.

Shape

ប្រវត្តិ

បច្ចុប្បន្ននេះ គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​​នៅកន្លែង​បំពេញការងារ​គឺជា​បទ​ឧក្រិដ្ឋ​ក្រោម​ច្បាប់​ស្តីពី​សុខភាព និង​សុវត្ថិភាព​នៅកន្លែង​បំពេញការងារ។ ម្ចាស់​កសិដ្ឋាន អ្នក​គ្រប់​គ្រង​ និង​នាយកកសិដ្ឋាន​ត្រូវ​ធានា​ឱ្យបាននូវកន្លែង​បំពេញ​ការងារ​ប្រកបដោយ​សុវត្ថិភាពនិងសុខភាពល្អ-  ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្លាប់​នៅ​កសិដ្ឋាន​របស់​អ្នក​ អ្នក​អាច​រង​ការ​កាត់​ទោស​ក្រោម​ច្បាប់​ថ្មី​នេះ។

ច្បាប់​ថ្មី​នេះ​មិន​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​នោះ​ទេ គ្រាន់​តែច្បាប់នេះ​ចែង​ពី​ការ​ដាក់​ទោស​កាន់​តែ​ធ្ងន់​ប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​គោរពទៅ​តាមកាតព្វកិច្ច​ស្តីពីសុវត្ថិភាព និង​សុខភាព​កន្លែង​បំពេញ​ការងារ​រួច​ហើយ និង​បន្ត​គោរព​តាម​កាតព្វកិច្ច​នោះ គឺអ្នក​កំពុង​ធ្វើការ​បាន​ត្រឹម​ត្រូវ​ហើយ។ ប្រសិន​បើ​អ្នក​មិន​គោរព​តាម និង​មិន​គិត​ពី​ហានិភ័យ​កន្លែង​បំពេញ​ការងារ​ទេ អ្នក​នឹង​រង​ផលវិបាកកាន់​តែ​ធ្ងន់​ធ្ងរ។​

មូល​ហេតុ​ចំនួន​ពីរ​ដែលទំនងជាបណ្តាល​ឲ្យ​បាត់​បង់​ជីវិត​នៅ​កសិដ្ឋាន

គ្រោះ​ថ្នាក់​ទូទៅបំផុតដែល​បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​ ​ច្រើនកើត​មាន​ឡើង​​នៅ​កន្លែង​បំពេញ​ការងារ​ផ្នែក​កសិកម្មពាក់​ព័ន្ធ​ត្រាក់​ទ័រ បន្ទាប់​មក​គឺ​ម៉ូតូ​កង់​បួន និង​បសុសត្វ​។

ម៉ាស៊ីន និងគ្រឿងចក្រផ្សេងៗ

ជាពិសេស​ទាក់​ទង​នឹង​ការ​បុកកិន ឬ​ក្រឡាប់

  • ត្រាក់​ទ័រ
  • ម៉ូតូ​កង់​បួន
  • ម៉ាស៊ីន​ចូក
  • ម៉ាស៊ីន​លើក​ជញ្ជូន

សត្វចិញ្ចឹម

របួស​ដោយ​សារ​ការរត់​ពារជាន់​ដែលអាច​កើត​មាន​ឡើង​នៅពេល

  • កៀង​សត្វ​ចូល​តាម​ក្រុមតាមប្រភេទ
  • កៀង​សត្វ​ចូល​រថយន្ត
  • នាំ​សត្វ​ចូលក្រោលឬ​ទ្រុង​​ពិនិត្យ​សុខភាពឬដាក់ត្រាជាដើម

ប្រភព​គ្រោះ​ថ្នាក់​នៅ​កសិដ្ឋាន​មាន​ច្រើន​លើស​ពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ. ការ​ងារ​អ្វី​ក៏​ដោយ​ដែល​អ្នក ឬ​បុគ្គលិក​របស់​អ្នក​ធ្វើ​នៅ​កសិដ្ឋាន ត្រូវ​គិត​ពីសុវត្ថិភាព​ជា​ចម្បង។ ចូរ​គិត​ថាអ្វីខ្លះដែល​អាច​ធ្វើឱ្យរាំងស្ទះដល់​ដំណើរ​ការ​ដែលបាន​គ្រោង​ទុក ហើយ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ទប់ស្កាត់កុំឱ្យហេតុការណ៍នោះកើតឡើង​។ ចូរ​ពិភាក្សា​ជាមួយ​បុគ្គលិក​របស់អ្នក និង​ចាត់​វិធានការ​ដើម្បី​ឱ្យប្រាកដ​ថា​អ្នក​ផ្តល់​នូវ​កន្លែង​បំពេញ​ការងារ​ប្រកប​ដោយ​សុវត្ថិភាព។

គន្លឹះ​សំខាន់ៗ

  • ចូរធ្វើការកំណត់ និងវាយតម្លៃប្រភពគ្រោះថ្នាក់នៅកសិដ្ឋានរបស់អ្នក
  • លុបបំបាត់ប្រភពគ្រោះថ្នាក់ - ប្រសិនបើអ្នកមិនអាចលុបបំបាត់ប្រភពបាន ចូរព្យាយាមកាត់បន្ថយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
  • សន្ទនាជាមួយបុគ្គលិក និងភ្ញៀវរបស់អ្នកឲ្យបានញឹកញាប់ពីសុវត្ថិភាព។
  • ផ្តល់ជូននូវព័ត៌មានពាក់ព័ន្ធផ្សេងៗ ការណែនាំ ការបណ្តុះបណ្តាលដល់បុគ្គលិកគ្រប់រូបដែលបំពេញការងារនៅកសិដ្ឋានរបស់អ្នក។
  • ផ្តល់ជូនបុគ្គលិកនូវការណែនាំនិងការបង្ហាត់បង្ហាញទាក់ទងនឹងសុវត្ថិភាព។
  • ត្រូវចាំថាអ្នកទទួលខុសត្រូវលើអ្នកម៉ៅការឬអ្នកចុះកិច្ចសន្យាបំពេញការងារ ភ្ញៀវ និងគ្រួសារ ហើយធានាឱ្យបានថាពួកគេ មានសុវត្ថិភាពពេលឋិតនៅក្នុងកសិដ្ឋានរបស់អ្នក។
  • តាមដានព័ត៌មានថ្មីៗស្តីពីច្បាប់លើសុខភាព និងសុវត្ថិភាព - ដោយគិតគូរពីការចុះឈ្មោះចូលរៀនវគ្គសិក្សាស្តីពីសុខភាពនិងសុវត្ថិភាពនៅកសិដ្ឋានដល់ម្ចាស់កសិដ្ឋាន នាយកគ្រប់គ្រង និងសមាជិកគ្រួសារ។
  • បង្កើតក្រុមសុវត្ថិភាពជាមួយកសិករផ្សេងទៀតដែលមានគំនិតដូចគ្នា ឬធ្វើការពិភាក្សាថាតើកសិដ្ឋានផ្សេងទៀតកំពុងធ្វើអ្វីខ្លះដើម្បីសុវត្ថិភាព នៅពេលអ្នកជួបគ្នានៅក្នុងព្រឹត្តិការណ៍ជួបជុំណាមួយពាក់ព័ន្ធនឹងឧស្សាហកម្មនេះ។
  • រក្សាកំណត់ត្រាពីសកម្មភាពសុវត្ថិភាព និងការសន្ទនាផ្សេងៗដែលអ្នកបានធ្វើស្តីពីសុវត្ថិភាព។

ភារកិច្ចផ្លូវច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពនៅកសិដ្ឋានរបស់អ្នក

ក្នុងនាមជាកសិករ អ្នកអាចជាថៅកែដោយខ្លួនឯង ជួលកម្មករផ្សេងទៀត ឬចាត់ចែង និងគ្រប់គ្រងកសិដ្ឋាន។ ទោះស្ថិតក្នុងទម្រង់ណាក៏ដោយ ក៏អ្នកមានការទទួលខុសត្រូវលើផ្នែកសុខភាព និងសុវត្ថិភាពពេលបំពេញការងារដោយរួមមាន ៖

  • កសិដ្ឋានរបស់អ្នកជាកន្លែងបំពេញការងារដែលមានសុវត្ថិភាព ដោយគ្មានហានិភ័យដល់សុខភាពបុគ្គលិករបស់អ្នកឡើយ
  • សកម្មភាពផ្សេងៗនៅកសិដ្ឋានមិនធ្វើឲ្យបុគ្គលណាមួយ (ឧ. គ្រួសារ បុគ្គលិក អ្នកចុះកិច្ចសន្យាបំពេញការងារ ភ្ញៀវ) មានហានិភ័យដល់សុខភាព និងសុវត្ថិភាពឡើយ។
  • បុគ្គលទាំងឡាយអាចចេញចូលកសិដ្ឋានដោយសុវត្ថិភាព ដោយគ្មានហានិភ័យដល់សុខភាពរបស់ពួកគេឡើយ (រួមទាំងអ្នកដឹកជញ្ជូនអីវ៉ាន់ដល់កសិដ្ឋានផង)

ព័ត៌មានបន្ថែម

  • ឧបករណ៍ និងសៀវភៅណែនាំរបស់ WorkSafe អាចជួយអ្នករកនូវប្រភពគ្រោះថ្នាក់ទូទៅ ធ្វើការវាយតម្លៃពីហានិភ័យ ហើយបង្កើតនូវការគ្រប់គ្រងសមស្របសម្រាប់កសិដ្ឋានរបស់អ្នក។
  • ចូរពិភាក្សាជាមួយអង្គការឧស្សាហកម្មកសិដ្ឋានរបស់អ្នកស្តីពីសុវត្ថិភាពតាមកសិដ្ឋាន។
  • សិក្សាបន្ថែមពីច្បាប់ថ្មីស្តីពីគ្រោះថ្នាក់ដល់អាយុជីវិតនៅកន្លែងបំពេញការងារតាមគេហទំព័រ WorkSafe
  • ដាក់ពាក្យសុំកម្មវិធីសំខាន់ចាំបាច់ដែលផ្ដល់ឱវាទពីសុខភាព និងសុវត្ថិភាពកន្លែងបំពេញការងារ ដោយរក្សាការសម្ងាត់ និងមិនគិតថ្លៃ ហើយអ្នកប្រឹក្សាយោបល់ផ្នែកសុវត្ថិភាពឯករាជ្យអាចចុះមកកសិដ្ឋានរបស់អ្នក។