ព័ត៌មានអំពី COVID-19 សម្រាប់និយោជក

ជំហានទូទៅដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យ COVID-19។

Shape

ព័ត៌មាននេះត្រឹមត្រូវ នៅពេលបោះពុម្ពផ្សាយ។

សូមចូលមើល& coronavirus.vic.gov.au ផងដែរ សម្រាប់ព័ត៌មានថ្មីៗចុងក្រោយអំពី COVID-19។ ដោយព្រោះថាទិសដៅ និងលក្ខខណ្ឌតម្រូវឧស្សាហកម្មអាចផ្លាស់ប្តូរនៅពេលណាមួយ ហើយនេះជាទំនួលខុសត្រូវរបស់អ្នកដែលត្រូវដឹងអំពីរឿងនេះ។

coronavirus.vic.gov.au

ច្បាប់សុខភាព និងសុវត្ថិភាពលើការងារ និង COVID-19

ក្នុងនាមជានិយោជក អ្នកមានភារកិច្ចស្របច្បាប់ ក្រោមច្បាប់សុខភាព និងសុវត្ថិភាពលើការងារ ឆ្នាំ 2004 ដែលអនុវត្តដើម្បីបង្ការការឆ្លងរាលដាលនៃ COVID-19 នៅកន្លែងធ្វើការរបស់អ្នក។ អ្នកត្រូវ តាមតែអនុវត្តបានដោយសមហេតុផល៖

  • ផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានហានិភ័យ ដល់សុខភាពរបស់និយោជិត
  • ផ្តល់ឱ្យនិយោជិតនូវព័ត៌មានចាំបាច់ ការណែនាំ ការបណ្តុះបណ្តាល ឬការត្រួតពិនិត្យ ដើម្បីឱ្យពួកគេអាចបំពេញការងាររបស់ខ្លួនដោយសុវត្ថិភាព
  • ផ្តល់ជូននិយោជិតនូវព័ត៌មានអំពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការជាភាសា សមរម្យ។
  • ធានាថាមនុស្សផ្សេងទៀតមិនត្រូវបានប៉ះពាល់នឹងហានិភ័យចំពោះសុខភាព ឬសុវត្ថិភាពរបស់ពួកគេ ដោយសារតែសកម្មភាពការងាររបស់អ្នក។

ការណែនាំនេះផ្ដល់នូវជំហានជាទូទៅខ្លះៗដើម្បីសំគាល់ និងគ្រប់គ្រងលើហានិភ័យនៃការប៉ះពាល់ COVID-19 ដែលជាផ្នែកនៃការតម្រូវឱ្យបំពេញតាមភារកិច្ចនៃសុវត្ថិភាព និងសុខភាពរបស់អ្នក។

នៅក្រោមបទបញ្ជាស្ដីពីជំងឺឆ្លងរាតត្បាតពីក្រសួងសុខាភិបាលរបស់រដ្ឋវិចថូរៀ ក៏អាចមាន សកម្មភាពជាក់លាក់ មួយចំនួនដែលអ្នកត្រូវធ្វើដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19។

ការកំណត់ហានិភ័យ COVID-19

អ្នកត្រូវកំណត់ថាតើមានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិតអ្នកពីការប៉ះពាល់នឹង COVID-19 នៅកន្លែងធ្វើការដែរឬទេ។

COVID-19 អាចឆ្លងរាលដាលតាមរយៈ៖

  • ដំណក់តូចៗនៃអង្គធាតុរាវហោះហើរក្នុងខ្យល់ ដែលបង្កើតឡើងដោយសកម្មភាពដូចជាក្អក កណ្តាស់ និយាយ ស្រែក ច្រៀង - ទាំងនេះអាចហោះហើរក្នុងខ្យល់មួយរយៈ ជាពិសេសនៅទីធ្លាក្នុងអគារដែលមិនមានខ្យល់ចេញចូលល្អ។
  • ដំណក់វត្ថុរាវតូចៗនៅពេលមនុស្សឆ្លងរោគក្អក កណ្តាស់ និយាយ ស្រែក ឬច្រៀង - ទាំងនេះអាចចូលទៅក្នុងភ្នែក ច្រមុះ ឬមាត់របស់អ្នក ពេលណាអ្នកនៅក្បែរ ឬធ្លាក់នៅលើផ្ទៃដី។
  • ការប៉ះពាល់វត្ថុ ឬផ្ទៃផ្សេងៗ (ដូចជាដៃទ្វារ) ដែលកខ្វក់ដោយដំណក់វត្ថុរាវតូចៗ។

វិធីដើម្បីកំណត់ហានិភ័យ

  • ចូលទៅកាន់ coronavirus.vic.gov.au ដើម្បីពិនិត្យមើលដំបូន្មានថ្មីៗចុងក្រោយនៅពេលអ្វីៗផ្លាស់ប្តូរ។
  • ពិនិត្យមើលឡើងវិញនូវកន្លែងធ្វើការ និងការអនុវត្តការងាររបស់អ្នក ដើម្បីកំណត់នូវវិធីដែល COVID-19 អាចឆ្លងរាលដាល។ ឧទាហរណ៍ ពេលណានិយោជិតស្ថិតនៅក្នុងទីកន្លែងហ៊ុំព័ទ្ឋដែលមិនមានខ្យល់ចេញចូល ចែករំលែកឧបករណ៍ ឬប៉ះពាល់កន្លែងដែលប្រើប្រាស់ច្រើន។
  • ពិចារណា ប្រសិនបើសកម្មភាពការងារធ្វើឱ្យមនុស្សផ្សេងទៀត ដូចជាអតិថិជន ឬសាធារណជនប្រឈមនឹងហានិភ័យនៃការប៉ះពាល់នឹង COVID-19។

ការគ្រប់គ្រងហានិភ័យ COVID-19

កន្លែងណាដែលមានហានិភ័យដល់សុខភាព និងសុវត្ថិភាពត្រូវបានកំណត់នៅកន្លែងធ្វើការ អ្នកត្រូវតែលុបបំបាត់ហានិភ័យ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ ប្រសិនបើអ្នកមិនអាចលុបបំបាត់ហានិភ័យបានទេ អ្នកត្រូវតែកាត់បន្ថយហានិភ័យ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ វិធានការត្រួតពិនិត្យដែលបានប្រើប្រាស់ នឹងអាស្រ័យលើហានិភ័យ ហើយថាតើវិធានការនោះមានផ្តល់ និងសមស្របសម្រាប់កន្លែងធ្វើការរបស់អ្នកដែរឬទេ។

ធានាថានិយោជិតដឹងពីអ្វីដែលត្រូវធ្វើ

ភារកិច្ចរបស់អ្នកដើម្បីលុបបំបាត់ ឬកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការប៉ះពាល់នឹង COVID-19 ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល រួមមានការធានា៖

  • និយោជិតដឹងពីអ្វីដែលត្រូវធ្វើ ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួន ឬគិតថាពួកគេបានឆ្លងរោគ (សូមមើលខាងក្រោម)
  • និយោជិតដែលមិនស្រួលខ្លួន មិនត្រូវចូលរួមក្នុងកន្លែងធ្វើការទេ រួមទាំងនិយោជិតដែលកំពុងរង់ចាំលទ្ធផលតេស្ត COVID-19 (ក្រៅពីការធ្វើតេស្តដែលជាផ្នែកនៃការធ្វើតេស្តឃ្លាំមើលនៅកន្លែងធ្វើការ) និងអ្នកដែលបានបញ្ជាក់ថាមានករណីនៃ COVID-19។

រោគសញ្ញានៃ COVID-19 ដែលត្រូវឃ្លាំមើលគឺ៖

  • គ្រុនក្តៅ
  • ញាក់ ឬបែកញើស
  • ក្អក
  • ឈឺបំពង់ក
  • ដង្ហើមខ្លី
  • ហៀរសំបោរ
  • បាត់បង់ ឬផ្លាស់ប្តូរអារម្មណ៍ស្រងក្លិន ឬរសជាតិ

មនុស្សមួយចំនួនក៏អាចមានអាការៈឈឺក្បាល ឈឺសាច់ដុំ តឹងច្រមុះ ចង្អោរ ក្អួត និងចុះរាគផងដែរ។

ប្រសិនបើនិយោជិតម្នាក់ចេញរោគសញ្ញា COVID-19 ណាមួយ បើទោះបីជាស្រាលក៏ដោយ នោះពួកគេ មិនត្រូវទៅធ្វើការទេ។ ផ្ទុយទៅវិញ ពួកគេគួរតែ៖

  • ដាក់ខ្លួនឱ្យនៅដាច់ពីគេភ្លាមៗ
  • ធ្វើតេស្ត។
  • ប្រសិនបើត្រូវ សូមស្វែងរកដំបូន្មានផ្នែកវេជ្ជសាស្ត្រពីវេជ្ជបណ្ឌិតរបស់ពួកគេ ឬពីខ្សែទូរសព្ទបន្ទាន់វីរុសកូរ៉ូណារ្ដឋវិចថូរៀ (Victorian Coronavirus Hotline) តាមលេខ 1800 675 398

ការរក្សាកំណត់ត្រា

  • អនុវត្តតាមលក្ខខណ្ឌតម្រូវរបស់រដ្ឋាភិបាលរដ្ឋវិចថូរៀអំពីការរក្សាកំណត់ត្រាមនុស្សដែលចូលរួមនៅកន្លែងធ្វើការ។

ការរក្សាគម្លាតរាងកាយ

  • ធានាថានិយោជិតរក្សាគម្លាតយ៉ាងហោចណាស់ 1.5 រវាងខ្លួនគេ និងអ្នកដទៃ។
  • អនុវត្តតាមវិធានដង់ស៊ីតេកំណត់ (density quotient) របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ។
  • ធ្វើឱ្យមានតិចបំផុតការប្រជុំទល់មុខគ្នា។
  • ពិចារណាលើការអនុញ្ញាតឱ្យមានការរៀបចំការងារដែលអាចផ្លាស់ប្តូរបាន ដូចជានិយោជិតធ្វើការពីផ្ទះ ឬពេលវេលាចាប់ផ្តើម និងបញ្ចប់ដែលមានលក្ខណៈតៗគ្នា។

ការមានខ្យល់ចេញចូល

ធ្វើឱ្យមានចំនួនខ្យល់បរិសុទ្ធជាអតិបរមានៅក្នុងតំបន់ក្នុងអគារ។ ខ្យល់បរិសុទ្ធអាចចូលមកតាមរយៈ៖

  • បើកបង្អួច ទ្វារ ឬកន្លែងមានខ្យល់ចេញចូលបាន
  • ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកម្ដៅ ឬប្រព័ន្ធខ្យល់ចេញចូល ដែលត្រូវបានរៀបចំឡើងដើម្បីនាំខ្យល់ពីខាងក្រៅមកចូលខាងក្នុង

អាចប្រើម៉ាស៊ីនបន្សុទ្ធខ្យល់បាន ប្រសិនបើ ខ្យល់ចេញចូលមិនបានប្រសើរឡើង បន្ទាប់ពី បង្កើនចំនួនខ្យល់បរិសុទ្ធនៅក្នុងតំបន់ក្នុងអគារ។

ការសម្អាត

  • បង្កើនការអនុវត្តលាងសម្អាតជាទៀងទាត់។
  • លាងសម្អាត និងរម្ងាប់មេរោគផ្ទៃដែលប៉ះពាល់ច្រើន និងប្រើប្រាស់រួមគ្នាឱ្យបានទៀងទាត់ ដូចជាទូរសព្ទ ក្តារចុច ដៃទ្វារ កុងតាក់បិទបើកភ្លើង និងផ្ទៃកៅអីវែង។
  • អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីការលាងសម្អាត និងការរម្ងាប់មេរោគ។

អនាម័យផ្ទាល់ខ្លួន

ផ្តល់គ្រឿងបរិក្ខារ ឬផលិតផលគ្រប់គ្រាន់ (ដូចជាទឹកថ្នាំអនាម័យជូតសម្អាតដៃ និងសាប៊ូ) ដើម្បីអនុញ្ញាតឱ្យនិយោជិតអនុវត្តអនាម័យល្អ។

មនុស្សគ្រប់រូបនៅកន្លែងធ្វើការ គួរតែអនុវត្តអនាម័យល្អ៖

  • លាងដៃឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក (យ៉ាងហោចណាស់ 20 វិនាទី) ឬទឹកថ្នាំ អនាម័យជូតដៃមានជាតិអាល់កុល
  • ប្រសិនបើអាចមើលឃើញដៃកខ្វក់ ត្រូវលាងវាជាមួយសាប៊ូ និងទឹក
  • លាងដៃជាមួយសាប៊ូ និងទឹក៖
    • មុនពេលបរិភោគ
    •  បន្ទាប់ពីទៅបង្គន់
    • បន្ទាប់ពីចូលរួមទីសាធារណៈ
    • បន្ទាប់ពីក្អក កណ្តាស់ ឬផ្លុំច្រមុះ
  • គ្របច្រមុះ និងមាត់ នៅពេលក្អក និងកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ដែលបានប្រើរួចភ្លាមៗ។

ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE)

  • ផ្តល់ PPE ដែលសមស្រប កន្លែងណាដែលតម្រូវ។
  • ផ្តល់ព័ត៌មាន និងការបណ្តុះបណ្តាលអំពីមូលហេតុដែល PPE ត្រូវបានទាមទារ និងរបៀបប្រើប្រាស់វាដោយសុវត្ថិភាព។
  • ស្វែងយល់បន្ថែមអំពី ការគ្រប់គ្រងហានិភ័យនៃ COVID-19៖ ម៉ាស់មុខនៅកន្លែងធ្វើការ

ព័ត៌មានជាភាសារបស់អ្នក

សម្រាប់ព័ត៌មានអំពី WorkSafe ជាភាសារបស់អ្នក សូមទូរសព្ទមកសេវាកម្មបកប្រែភាសាសរសេរ និងភាសាផ្ទាល់មាត់ (TIS National) តាមលេខ 131 450